New product
Xiaomi នឹងអាចផលិតរថយន្តបាន 30 ម៉ឺនគ្រឿងក្នុងមួយឆ្នាំ
តាមរយៈការរាយការណ៍ចេញពីប្រភព Reuters បានឲ្យដឹងថា Xiaomi គ្រោងនឹងសាងសង់រោងចក្ររថយន្តអគ្គិសនីមួយ នៅក្នុងទីក្រុង Beijing ប្រទេសចិន ហើយរោងចក្រនោះ គឺអាចមានលទ្ធភាពក្នុងការផលិតរថយន្តបានដល់ទៅ 300,000 គ្រឿងឯណោះ ក្នុងមួយឆ្នាំៗ។ Xiaomi អាចនឹងបែងចែកការសាងសង់ជាពីរដំណាក់កាល ហើយគម្រោងដែលគេគ្រោងបើកការផលិតរថយន្តអគ្គិសនីទ្រង់ទ្រាយធំ ចេញពីរោងចក្រនេះជាលើកដំបូង គឺអាចស្ថិតក្នុងអំឡុងឆ្នាំ 2024 ខាងមុខ។
មិនត្រឹមតែប៉ុណ្ណោះទេ Xiaomi ក៏នឹងធ្វើការបង្កើតការិយាល័យកណ្ដាល នៃគម្រោងរថយន្តអគ្គិសនីរបស់គេ នៅក្នុងទីក្រុង Beijing ដូចគ្នាដែរ ហើយក្រុមហ៊ុនចិននេះ ថែមទាំងមានគម្រោងក្នុងការប្រើប្រាស់សាខាហាងលក់របស់គេនាពេលបច្ចុប្បន្ននេះ ដើម្បីដាក់លក់រថយន្តនោះទៀតផង។
យ៉ាងណាក៏ដោយ មកទល់ពេលនេះ នៅមិនទាន់មានការបង្ហាញច្បាស់នោះទេថា រថយន្ត Xiaomi នាពេលអនាគតនោះ នឹងមានលក្ខណៈយ៉ាងដូចម្ដេច ហើយតើក្រុមហ៊ុននេះ មានគម្រោងបញ្ចេញលក់វា នៅក្នុងទីផ្សារប្រទេសផ្សេងៗក្រៅពីចិន ឬក៏អត់។ បើយោងតាមដំណឹងភាគច្រើនគេបង្ហាញថា Xiaomi ចង់ក្លាយជាយីហោរថយន្តអគ្គិសនីធំមួយនាពេលខាងមុខ ហើយមិនមែនតែនៅក្នុងប្រទេសចិននោះទេ ជាក់ស្ដែងគេអាចនឹងឈានចូលទីផ្សារអន្តរជាតិផ្សេងៗដូច Tesla ដែរ។ គួរបញ្ជាក់ដែរ Xiaomi បានបង្ហាញប្រាប់កន្លងទៅថា គេនឹងចំណាយប្រាក់វិនិយោគប្រមាណជាខ្ទង់ 10 ពាន់លានដុល្លាឯណោះ ជាមួយគម្រោងរថយន្តអគ្គិសនីខាងលើ។